ព្រហើនមែន!! រថយន្តមួយគ្រឿងព្យាយាមបុកសម្លាប់មន្ត្រីនគរបាលម្នាក់ ដែលកំពុងបំពេញភារកិច្ចការពារក្បួនថ្នាក់ដឹកនាំ

កណ្ដាល ៖ ហេតុការណ៍​នៃ​គ្រោះថ្នាក់​ចរាចរណ៍មួយ​បានកើតឡើង​ ដោយ​សារ​រថយន្ត​មួយគ្រឿង​បាន​បើក​បរក្នុង​ល្បឿន​លឿន​បំផុត​ បាន​បុក​មន្ត្រីនគរបាល​ចរាចរណ៍​ដែលកំពុង​បំពេញ​ភារកិច្ច​ការពារក្បួន​ថ្នាក់​ដឹកនាំ​ បណ្ដាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ជាទីបំផុត​​ ដែលបាន​កើតឡើង​កាលពីយប់ម៉ោង​ ០៨៖០០នាទី ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុ​ចគោលដៅ​ P213 ស្ដុបព្រែក​ហូរ​ ក្រុង​​តាខ្មៅ ខេត្តកណ្តាល​។

ប្រភពនៅកន្លែង​កើតហេតុ បាន​ឲ្យដឹងថា ៖ មុនពេលកើតហេតុគេឃើញ មន្ដ្រីនគរបាលរងគ្រោះខាងលើ កំពុងឈរនៅតាមដងផ្លូវដើម្បីបញ្ជាចរាចរសម្រួលដល់ក្បូនថ្នាក់ដឹកនាំ ដែលត្រូវឆ្លងកាត់ ប៉ុន្ដែពេលនោះមាន រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឲ្យអែបខាង ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្ដាប់ ហើយបើកបំបុកពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រ។

ប្រភពបន្ត​បានឲ្យដឹងថា បន្ទាប់ពីបើកបុកមន្ត្រីនគរបាលហើយ ជនបង្កបានបន្ថែមល្បឿនបើករត់គេចយ៉ាងលឿន ប៉ុន្តែដោយមានការសហការល្អរបស់សមត្ថកិច្ច បានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។ ដោយឡែក ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ​ភ្លាមៗផងដែរ។

បន្ទាប់ពីបាន​គ្រូពេទ្យ​ធ្វើការពិនិត្យ​លើមុខ​របួសជនរងគ្រោះ សមត្ថកិច្ចបាន​បញ្ជាក់ថា នៅផ្នែកលលាដ៏ក្បាលរបស់ជនរងគ្រោះស៊្រាំ និងមានកកឈាម, បាក់ឆ្អឹងចង្កេះ និងជើងបាក់ទាំង២ ហើយពេលនេះក្រុមគ្រូពេទ្យឲ្យសម្រាកតាមដាន ៤៨ម៉ោង ពេលមានកម្លាំងទើបរៀបចំដំណើរការវះកាត់តឆ្អឹងជើង និងលលាដ៍ក្បាលបន្តទៀត៕

Author:

Leave a Reply

Your email address will not be published.