លោកស្មៀនឃុំគោកធ្លកលើ (ស្មៀនសិច) ប្រើសិទ្ធអំណាចរបស់ខ្លួនប្រឆាំងលើសាលដីការតុលាការខេត្តសៀមរាប ដើម្បីការពារឈ្មួញទិញ-លក់ដី និងហ៊ានចុះហត្ថលេខាជំនួសមេឃុំដើម្បីចេញប្លង់កម្មសិទ្ធដីធ្លី

សៀម​រាប ៖ ជារឿង​ដែលនឹកស្មាន​មិនដល់​ក្នុងនាម​ជា​ស្មៀនឃុំម្នាក់​ (ស្មៀន​សិច) ក្នុង​ឃុំគោកធ្លកលើ​បែជាប្រើ​សិទ្ធ​អំណាច​របស់​ខ្លួន​ផ្ទុយ​នឹងច្បាប់ទាំង​ស្រុងប្រឆាំង​នឹងសាលដីការអនុវត្ត​របស់​សាលាដំបូង​ខេត្តសៀមរាប ដែលបាន​អនុវត្ត​លើសាលដីការលេខ​៤៥ ចុះថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីការពារ​បុគ្គលរំលោភ​ដីធ្លីប្រជាពលរដ្ឋ​ មិន​ត្រឹមតែប៉ុណ្ណោះទេ ស្មៀន​រូបនេះបែជាប្រើ​ត្រា និ​ងហត្ថលេខាដោយ​ខ្លួន​តែម្តង​ ហាក់ដូចជាបំពាន​ច្បាប់មែនទែន​។

យោងតាម​សារ​ឆ្លើយ​ឆ្លង​មក​កាន់​ផេកហ្វេសប៊ុក​ផ្លូវ​​ការ​អង្គភាព​ព័ត៌មាន​ LIVE-DAILY ហ្វេសប៊ុក​ឈ្មោះថា យឹម សិច ដែលជា​របស់ស្មៀនឃុំ​គោកធ្លកលើ (ស្មៀន​សិច) បាន​អះអាងបែប​ប្រឆាំង​នឹងដីការ​របស់តុលារ​ និង​វាយ​បកមក​កាន់អង្គភាព​ LIVE-DAILY ទាំង​កំរោល​ដោយគ្មានមូលដ្ឋាន និង​ឯកសារ​​ច្បាប់ច្បាស់លាស់ក្នុង​នាម​ជាមន្ត្រីរាជការម្នាក់ទាល់តែសោះ។ ក្នុង​រូបភាព ​ដែលអង្គភាព​ LIVE-DAILY បានធ្វើ​ការចុះផ្សាយ​ គឺយោង​តាមទៅតាម​ឯកសារ​ និង​រូបភាព​ ការអនុវត្តសាលដីការ​​របស់​អាជ្ញាសាលាដំបូង​ខេត្តសៀមរាប​តែប៉ុណ្ណោះ ដោយ​មិនបាន​ភូតកុហក​មហាជន​ ដូចអ្វីដែលស្មៀន​រូបនេះ​បានធ្វើការចោទប្រកាន់​ និង​វាយបកមកកាន់អង្គភាព​ព័ត៌មាន LIVE-DAILY នោះទេ ព្រោះតែ​បាត់បង់ផល​ប្រយោជន៍​​ជាមួយ​ក្រុមឈ្មួញ​រំលោភ​យកក​ដីពលរដ្ឋ​ ទើប​ស្មៀន​រូប​នេះ​ប្រើគ្រប់ល្បិច​​ក្នុង​​ការរិះគន់​។

អង្គភាព​ព័ត៌មាន​ LIVE-DAILY បានបញ្ជាក់​ឲ្យស្មៀន​ឃុំរូបនេះបង្ហាញឯកសារគ​តិយុត្ត​ ដែលមានការពាក់ព័ន្ធ ដើម្បីធ្វើការ​ផ្សព្វផ្សាយ​ប្រកប​ដោយ​តម្លាភាព​នឹងយុត្តិធម៌ បែជា​ស្មៀនរូបនេះប្រើ​ពាក្យមិន​សមរម្យជាមន្ត្រីរាជការ​ទាល់តែសោះ ដោយ​អះអាង​បែបការពារអ្នក​រំលោភដីប្រជាពលរដ្ឋ​ដែលតុលារ​កាត់ឲ្យចាញ់ក្តីនោះថា ៖ “ម្ចាស់គាត់​អ្នក​ទិញ​ដីនោះ មានឯកសារ​ហើយ គាត់មិនចំណាយលុយ​ច្រើន គាត់មិន​ឆ្គួត​ទេ”។ ត្រង់ចំណុច​នេះមានន័យ​ថា លោកស្មៀន​ឃុំកំពុងតែពាក់​ព័ន្ធជាមួយ​ឈ្មួញដីឃុបឃិត​គ្នា​ជាប្រព័ន្ធ​ហើយ បានជាព្យាយាមការពារក្រុមឈ្មួញ​ ដែលបាន​​ចាញ់ក្តី​នៅក្នុងតុលាការ​ខេត្តសៀមរាប ទង្វើបែបនេះ​គឺជា​ការប្រឆាំង​នឹងការអនុវត្ត​ច្បាប់​តុលាការ​ឯករាជ្យទៀត​ផង។

មិនត្រឹម​តែប៉ុណ្ណោះ មានការបែកធ្លាយឯកសារមួយ​ចំនួន​ ដែលទាក់ទង​នឹង​រឿងដីធ្លីហាក់​មានភាពមិនប្រក្រតី​ទាល់​តែ​សោះ​ នោះគឺ​ឯកសារផ្ទេសិទ្ធកាន់កាប់ដីធ្លី​របស់ឈ្មោះ ណោ ថុង ដែលបានទិញដីពីឈ្មោះ ឈាន ទូច។ យោងតាម​​លិខិត​ផ្ទេរសិទ្ធកាន់កាប់​ដី​របស់ឈ្មោះ ឈាន​ ទូច កាលពីថ្ងៃទី​០១ ខែកញ្ញា​ ឆ្នាំ២០១១ បាន​ផ្ទេរ​សិទ្ធ​ឲ្យទៅឈ្មោះ ណោ ថុង ចំនួន​៣០ហិចតា​ ដែលមាន​ទីតាំង​ស្ថិតនៅ​ ទួល​បុស្សទ័ព ឃុំគោកធ្លកលើ ស្រុកជីក្រែង​ ខេត្ត​សៀម​រាប ដែលមានការទទួល​ស្គាល់ និង​ចុះហត្ថលេខា​ដោយ​លោក ទូច ទ្រី​ មេឃុំ​គោកធ្លក​លើ​។

យោង​តាមឯកសារ​មួយទៀត ដែល​ប្រជាពលរដ្ឋ​ផ្តល់ជូន​អង្គភាព​ LIVE-DAILY គឺប្លង់ទីតាំង​ដី ដែល​ផ្តល់ឲ្យឈ្មោះ ណោ ថុង បែជាមានចំនួន​៨៩ហិចតាទៅវិញ កន្លងមក​លោកមេឃុំគោកធ្លក​លើមិន​បានទទួលស្គាល់ប្លង់នេះទេ ដោយ​ហេតុ​ថា លោក​មិន​បានចុះហត្ថលេខាទាល់តែសោះ។ ​ករណីនេះ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ស្មៀន​សិច បាន​ប្រើគ្រប់មធ្យោបាយ​ ដើម្បី​ការពារផលប្រយោជន៍​របស់ឈ្មួញលើដី​ចំនួន​ដ៏ច្រើន​ខាងលើនេះ ទោះ​មានការប៉ះពាល់ប្រជាពលរដ្ឋ ឬចុះហត្ថលេខាជំនួសមេឃុំ​ក៏ស្មៀនរូបនេះនៅតែបន្តធ្វើដដែល​ ហាក់ដូចជាមិន​មានការខ្លាចញញើតនឹងផ្លូ​វច្បាប់ទាល់តែសោះ សូម្បី​តែតុលារកាត់ក្តៅឲ្យឈ្មួញចាញ់ប្រជាពលរដ្ឋ ស្មៀនរូបនេះ​នៅតែបន្ត​ប្រឆាំង​ការអនុវត្តរបស់តុលាការដដែល។

ម៉្យាង​វិញទៀតក្នុង​ការអនុវត្ត​របស់តុលាការ​សាលាដំបូង​ខេត្ត​សៀមរាប កាលពីថ្ងៃទី​១០ ខែតុលា​ ឆ្នាំ២០១៩កន្លងទៅនេះ ដោយធ្វើឡើង​ទៅតាម​ផ្លូវ​ច្បាប់ប្រកបដោយ​​តម្លាភាព និង​ត្រឹម​ត្រូវ ព្រោះថា ឈ្មោះ គត់ ស៊ត់ និង​ ហង់ ហេង​ បានទទួលការផ្ទេរសិទ្ធពីម្ចាស់ដើម​ស្របច្បាប់។ ប៉ុន្តែ​បែឈ្មោះទាំង២ខាងលើនេះ មិន​ទាន់បានផ្ទេរសិទ្ធ​កាន់​កាប់បន្ត​​ឲ្យទៅឈ្មោះ នួន ឡាង​ នោះទេ ចុះហេតុអ្វី​បានជា​ស្រ្ដីឈ្មោះ ទ្រី សុខអ៊ីម​ ហៅ ចែហ្គិច​ អះអាង​ថា បាន​ទទួលការផ្ទេរសិទ្ធពីឈ្មោះ នួន ឡាង ទៅវិញ​? បច្ចុប្បន្ននេះ​ដី​ស្ថិតនៅក្នុង​ការកាន់កាប់​របស់​ គត់ ស៊ត់ និង​ ហង់ ហេង ដែលមាន​ឯកសារ​៥៧ច្បាប់ជាវត្ថុតាង​ស្រាប់ ហើយ​សុំ​ច្រាន​ចោលចំពោះបុគ្គល​ ទ្រី សុខអ៊ី​ម ហៅចែហ្គិច​ ជាអ្នកទិញដី​ តាមពិត​អ្នកទិញដី​ជាឈ្មោះ នួន ឡាង ទៅវិញ​ទេ។

ដោយឡែក​ឯកសារផ្ទេរសិទ្ធ​លេខ ២០៥/២០០៨ ចុះថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០០៨ លិខិតនេះ​មិន​ត្រឹមត្រូវនោះទេ ព្រោះថា ទីតាំង​ដីខាងលើនេះ ស្ថិតនៅឃុំគោកធ្លកក្រោម និង​ឃុំគោកធ្លកលើ ឯការចុះហត្ថលេខា និងត្រា បែជាមាន​តែមេឃុំ​ក្រោមទៅវិញ​។ ដូច្នេះហើយទើប​បុគ្គល​ដែលមាន​ខាត​បង់​ប្រយោជន៍​លើដីចំនួន​ដ៏ច្រើន​របស់ប្រជាពលរដ្ឋខាងលើនេះ ព្យាយាម​ប្រឆាំង​គ្រប់បែបយ៉ាង​ ទោះខុសច្បាប់ក៏ដោយ​នៅតែ​បន្តផ្គើន​ដដែល​៕

Author:

Leave a Reply

Your email address will not be published.